ភ្នំពេញៈឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា
និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងលើកឡើងថា ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯក“VATTANAC LEGENDS CHAMPIONSHIP 2025 គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ ។

ការថ្លែងរបស់ ឯកឧត្តម បណ្ឌិត ថោង ខុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន“VATTANAC LEGENDS CHAMPIONSHIP 2025” នាល្ងាចថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោល Vattanac Golf Resort។

ឯកឧត្តម ទេសរដ្ឋមន្រ្តីថា កិច្ចសហការវាងក្រុមហ៊ុន Vattanac Golf Resort និង Legends Tour ដែលមានមូលដ្ឋាននៅអឺរ៉ុប ក្នុងការនាំយកនូវព្រឹត្តការណ៍វាយកូនគោលទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញកម្រិតពិភពលោកនេះ នឹងមានវត្តមានកីឡាករវាយកូនគោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ និងបុគ្គលមានឥទ្ធិពលជាច្រើនមកចូលរួមប្រកួត។

ព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះមិនត្រឹមតែផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា ដែលនឹងមានអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោកតាមរយៈការផ្សាយនៅលើកញ្ចក់ទូរទស្សន៍កីឡាអន្តរជាតិធំៗ សារព័ត៌មានកីឡាអន្តរជាតិ បណ្តាញសង្គម និងការទស្សនាដោយផ្ទាល់ផងដែរ។

ទន្ទឹមនឹងនេះ ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនគោលដ៏ធំនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ របស់ Vattanac Golf Resort សណ្ឋាគារប្រណិត ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ F4 ដ៏ថ្មីសន្លាងរបស់កម្ពុជា ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់ការហោះហើររបស់ប្រតិភូកីឡាអន្តរជាតិមកពីជុំវិញពិភពលោក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានចាត់ទុក ការទទួលស្គាល់ជាសកលអំពីការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនៅកម្ពុជា, ផ្សព្វផ្សាយកីឡាទេសចរណ៍បែបប្រណីត, ជំរុញកំណើន សេដ្ឋកិច្ច និងទាក់ទាញវិនិយោគ, លើកស្ទួយវប្បធម៌ និងបដិសណ្ឋារកិច្ច, អភិវឌ្ឍកីឡាវាយកូនគោលកម្ពុជា,បង្ហាញអំពីគុណភាពនៃបទពិសោធន៍ដែលមាននៅកម្ពុជា និងផ្សព្វផ្សាយទៅកាន់អ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក ផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតពិភពលោកនេះមកកម្ពុជា។

ក្នុងនោះ សម្តេចមហាបវរធិបតី ក៏បានចាត់តាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្នុងការអនុញ្ញាតឱ្យប្រតិភូកីឡាវាយកូនគោលអន្តរជាតិ ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីជាការផ្តល់កិត្តិយស និងលើកទឹកចិត្តដល់កីឡាករអន្តរជាតិទាំងអស់ដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ផងដែរ។ ពិសេសជាងនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលនេះ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះ សម្តេចតេជោ ក៏នឹងផ្តល់កិត្តិយសចូលរួមវាយកូនគោលជាមួយកីឡាករអាជីពអន្តរជាតិ និងកីឡាករ ជម្រើសជាតិកម្ពុជា រួមជាមួយអង្គទូតនានាប្រចាំកម្ពុជា និងឥស្សរជនជាន់ខ្ពស់ សំខាន់ៗ ផងដែរ។

នាឱកាសនោះ ឯកឧត្តម បានស្នើសុំឱ្យក្រុមហ៊ុន Vattanac Golf Resort សហការជាមួយក្រសួង-ស្ថាប័ន មានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងការសម្របសម្រួលការងារគ្រប់បែបយ៉ាងចាប់តាំងពីការសម្រួលដល់ការស្នាក់នៅ ហូបចុក ដឹកជញ្ជូន បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធសុខាភិបាល សន្តិសុខសុវត្ថិភាព និងការងាររៀបចំទីលានប្រកួត ដើម្បីធានាឱ្យដំណើរការនៃការប្រកួតកីឡាវាយកូនគោលជាប្រវត្តិសាស្ត្រនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន ដែលក្រុមហ៊ុន Vattanac Golf Resort បានចាប់ដៃគូជាមួយ Legends Tour និងសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡា វាយកូនគោលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនគោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលាន Vattanac Golf Resort។