បារ៉ែន៖កីឡាករយុវជនជម្រើសជាតិបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញែល ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង លើប្រភេទកីឡាបញ្ចស៊ីឡាត់ ក្នុងព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ី លើកទី៣ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។

កីឡាករ ភុក ដានីញែល បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជួបកីឡាករឥណ្ឌូណេស៊ី Habbil Furgon Winata ដែលជាម្ចាស់ក្បាច់គុនលើប្រភេទកីឡាបញ្ចស៊ីឡាត់នេះ ហើយបានចាញ់ ដើម្បីទទួលបាន មេដាយសំរិទ្ធ ១ គ្រឿង លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម។

ជាមួយការទទួលបានមេដាយសំរឹទ្ធ ដែលជាកំណត់ត្រាថ្មីរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនេះ កីឡាករជម្រើសជាតិបញ្ចស៊ីឡាត់វ័យក្មេងកម្ពុជា ភុក ដានីញែល បានលើកឡើងថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពដែលបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីមួយនេះ។ កីឡាករបញ្ចស៊ីឡាត់វ័យក្មេងរូបនេះ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដំបូងឡើយ គឺធ្វើបានល្អណាស់ ប៉ុន្តែដោយសារតែត្រូវក្បាល បូករួម និងគ្មានបទពិសោធន៍ផងនោះធ្វើឱ្យអារម្មណ៍ចាប់ផ្តើមច្របូកច្របល់វង្វេងរងង្វាន់បែកអារម្មណ៍អស់។ ការទទួលមេដាយសំរឹទ្ធនេះរូបគេគាត់ថា ខ្លួនធ្វើបានល្អហើយ ព្រោះដៃគូរបស់គាត់ជាម្ចាស់ក្បាច់គុនថែមទៀត។ កីឡាករភុក ដានីញែល សូមថ្លែងអំរគុណដល់អ្នកគាំទ្រកម្ពុជាដែលបានផ្ញើរសារមកគាំទ្ររូបគេជាកម្លាំងចិត្ត។

លោក វី តារា គ្រូបង្វឹក បានបង្ហាញចំណាប់អារម្មណ៍ដែរថា ការទទួលបានមេដាយសំរឹទ្ធ របស់ ភុក ដានីញែល ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនេះ វាជាមោទនភាពមួយសម្រាប់កីឡាករកម្ពុជាយើង ព្រោះយើងបានខិតខំប្រឹងប្រែងប្រកួតអស់ពីលទ្ធភាព ហើយក៏ជួបកីឡាករម្ចាស់ក្បាច់គុនទៀត គេជាកីឡាករល្អ ហើយ យើងក៏មិនអត់ដែរ ។ បច្ចេកទេសប្រកួតធ្វើបានល្អ តែដោយសារយើងស្ទើរបទពិសោធ និងគ្រប់គ្រងអារម្មណ៍មិនបានល្អ។ នៅក្នុងពូលAដែល ភុក ដានីញែលប្រកួតនេះ សុទ្ធសឹងជាកីឡាករលំដាប់ខ្លាំងៗ ខណៈការប្រកួតបានចែកជាពីរពូលគឺមានពូលBមួយទៀត។

នេះជាមេដាយលើកដំបូងសម្រាប់ប្រទេសកម្ពុជាដែលទទួលបានក្នុងកីឡាយុវជនទ្វីបអាស៊ី បន្ទាប់ពីធ្លាប់ចូលរួមប្រកួតពីរលើកកន្លងមកមិនធ្លាប់ទទួលបានមេដាយ។ លើកទី១ ឆ្នាំ២០០៩ នៅប្រទេសសិង្ហបុរី កម្ពុជា បានបញ្ជូនអត្តពលិកចូលរួមប្រកួតចំនួន ៣ នាក់ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ ហើយលើកទី២ ឆ្នាំ ២០១៣ នៅប្រទេសចិន កម្ពុជា បានបញ្ជូនអត្តពលិក ២ នាក់ចូលរួមប្រកួតហើយក៏មិនទទួលបានមេដាយណាមួយដែរ។

គួរឱ្យដឹងដែរថា កីឡាករ បញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល បានសាងកំណត់ត្រាថ្មីជូនកម្ពុជាពីព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ដោយទទួលបានមេដាយសំរឹទ្ធ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ប្រកួតលើវិញ្ញាសាClass D Over 51Kg-55Kg ៕